សិក្ខាសាលាក្រោមប្រធានបទ “ការសង្រ្គោះបឋមផ្លូវចិត្ត” នៅវិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ
កាលពីថ្ងៃពុធ ទី០២ ខែសីហា ឆ្នាំ ២០២៣ លោក អ៊ុំ ផ្លាកទីន ប្រធានសមាគម អ៊ី. អ៊ឹម. ឌី. អា កម្ពុជា និងនិស្សិតស្ម័គ្រចិត្ត ២រូប បានចូលរួមធ្វើជាវាគ្មិននៅក្នុងកម្មវិធី សិក្ខាសាលាក្រោមប្រធានបទ “ ការសង្រ្គោះបឋមផ្លូវចិត្ត” នៅវិទ្យាស្ថានសន្តប៉ូល ខេត្តតាកែវ។
សិក្ខាកាមចំនួនប្រហែល ១១០នាក់ ដែលជានិស្សិតបាននឹងកំពុងសិក្សានៅវិទ្យាស្ថានសន្តប៉ូល ឆ្នាំទី១ និងទី២ មកពីដេប៉ាតឺម៉ង់សង្គមកិច្ច ដេប៉ាតឺម៉ង់ទេសចរណ៍ ដេប៉ាតឺម៉ង់អក្សរសាស្រ្តអង់គ្លេស និងដេប៉ាតឺម៉ង់ក្សេត្រសាស្រ្ត បានចូលរួមយ៉ាងសកម្មក្នុងវគ្គសិក្ខាសាលានេះ។
ប្អូនៗសិស្សានុសិស្សបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបញ្ហាសុខភាពផ្លូវចិត្ត ជាពិសេស របៀបធ្វើឱ្យមានសុខភាពផ្លូវចិត្តល្អប្រសើរ។ បន្ថែមពីនោះ ប្អូនៗបានចូលរួមយ៉ាងសកម្មការពិភាក្សា និងការចោទជាសំណួរចម្លើយជាមួយវាគ្មិន។
សមាគម អ៊ី. អ៊ឹម. ឌី. អា កម្ពុជា សូមថ្លែងអំណរគុណដល់វិទ្យាស្ថានសន្តប៉ូលដែលបានផ្ដល់កិត្តិយសដល់យើងខ្ញុំ ក្នុងការចែករំលែកនូវចំណេះដឹងស្តីពីបញ្ហាសុខភាពផ្លូវចិត្ត ការតានតឹងផ្លូវចិត្ត ការប៉ះទង្គិចផ្លូវចិត្ត របៀបថែទាំខ្លួនឯង និងការសង្គ្រោះផ្លូវចិត្តបឋម។ យើងសង្ឃឹមយ៉ាងមុតមាំថា ចំណេះដឹងមូលដ្ឋាននេះ នឹងជួយឱ្យប្អូនៗនិស្សិតចាប់អារម្មណ៍ថែទាំសុខភាពផ្លូវចិត្តឱ្យមានភាពរឹងមាំ ដើម្បីជាគុណប្រយោជន៍បន្តបេសកកម្មសិក្សារបស់ខ្លួនប្រកបដោយជោគជ័យ។