ដោយមានការអនុម័តពីក្រសួងសុខាភិបាល សមាគម អ៊ី.អឹម.ឌី.អា កម្ពុជា បានចែកចាយសម្ភារៈផ្សព្វផ្សាយអំពីពត៌មានសុខភាពផ្លូវចិត្តទៅកាន់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក្នុង ខែមិថុនា ឆ្នាំ២០២៦។

នៅប្រទេសកម្ពុជា បញ្ហាសុខភាពផ្លូវចិត្តនៅតែជាប្រធានបទដែលត្រូវបានរើសអើង និងមើលរំលងជាញឹកញាប់។ មនុស្សជាច្រើនមិនស្វែងរកជំនួយនៅពេលដែលខ្លួនឯង សមាជិកគ្រួសារ ឬមិត្តភក្តិប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្តឡើយ។ អំឡុងពេលដែល មនុស្សមួយចំនួនទៀតខ្វះខាតពត៌មានអំពីសេវាសុខភាពផ្លូវចិត្តផ្សេងៗ ដែលអាចជួយឱ្យពួកគេអាចទទួលបានសេវាគាំទ្រសុខភាពផ្លូវចិត្តចាំបាច់ ឬមិនអាចស្គាល់សញ្ញា និងរោគសញ្ញានៃជំងឺផ្លូវចិត្តបាន។

ដើម្បីឆ្លើយតបនឹងបញ្ហាទាំងនេះ សមាគម អ៊ី.អឹម.ឌី.អា កម្ពុជា បានចែកចាយសម្ភារៈផ្សព្វផ្សាយអំពីព័ត៌មាន ការអប់រំ និងការផ្សព្វផ្សាយអំពីសុខភាពផ្លូវចិត្ត នៅក្នុងខេត្តចំនួន៥ រួមមាន បាត់ដំបង កំពង់ឆ្នាំង សៀមរាប តាកែវ និងរាជធានីភ្នំពេញ ដែលជាតំបន់ដែលសមាគមន បានអនុវត្តគម្រោងការលើកកម្ពស់សុខភាពផ្លូវចិត្តក្នុងចំណោមប្រជាជន ដែលរង់ការប៉ះទង្គិចផ្លូវចិត្ត ហៅកាត់ថា «IMARP»

ពត៌មានអំពីសុខភាពផ្លូវចិត្តសម្រាប់អ្នកទាំងអស់គ្នា

ជាមួយនឹងការបិទនៃបញ្ចប់គម្រោង IMARP សម្ភារៈទាំងនេះត្រូវបានប្រគល់ជូនមណ្ឌលសុខភាពចំនួន ១៦ និងមន្ទីរពេទ្យបង្អែកចំនួន ៥។ សម្ភារៈទាំងនោះរួមមាន ផ្ទាំងផ្សព្វផ្សាយ ខិត្តប័ណ្ណ កូនសៀវភៅពត៌មាន និងឯកសារអប់រំផ្សេងៗទៀត។

តាមរយៈការធ្វើឱ្យព័ត៌មានអំពីសុខភាពផ្លូវចិត្តកាន់តែមានភាពច្បាស់លាស់ និងងាយស្រួលទទួលបាន សម្ភារៈទាំងនេះជួយឱ្យសហគមន៍អាចស្គាល់អំពីសញ្ញានៃបញ្ហាសុខភាពផ្លូវចិត្ត រៀនពីវិធីសាស្ត្រដោះស្រាយ និងដឹងថាត្រូវស្វែងរកជំនួយនៅទីណា។ តាមរយៈពត៌មានទាំងនេះ វាបានរួមចំណែកលើកកម្ពស់ការយល់ដឹង ភាពធន់ផ្លូវចិត្ត និងសុខុមាលភាពរបស់ប្រជាជន។

គម្រោង IMARP គឺជាគម្រោងរយៈពេល ៤២ ខែ ដែលទទួលបានការគាំទ្រថវិកាពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍសហព័ន្ធអាល្លឺម៉ង់(BMZ) តាមរយៈអង្គការ Johanniter International។ គម្រោងនេះមានគោលបំណងបង្កើតប្រព័ន្ធគាំទ្រសុខភាពផ្លូវចិត្តផ្អែកលើសហគមន៍នៅកម្ពុជា ហើយត្រូវបានបញ្ចប់ដោយជោគជ័យនៅខែឧសភា ឆ្នាំ២០២៦។

Comments are closed.